Monday, April 4, 2011

កត្តា​គួរ​យល់​ដឹង​មុន​ពេល​ជ្រើសរើស​ស្វាមី

ការ​ជ្រើសរើស​គូ​អនាគត​ជា​រឿង​សំខាន់​បំផុត​ក្នុង​ឆាក​ជីវិត​មិន​ថា​ប្រុស​ឬ​ស្ត្រី​នោះ​ទេ។ តែ​ដោយ​ឡែក​នៅ​ក្នុង​សង្គម​ខ្មែរ​ច្រើន​តែ​ស្ត្រី​ជា​ជន​រង​គ្រោះ។ ជា​ទូទៅ​កត្តា​ដែល​នាំ​ឲ្យ​ជ្រើសរើស​គូ​អនាគត​ខុស​ ដោយ​សារ​តែ​មិន​បាន​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់ យក​ស្នេហ៍​ផ្លេកបន្ទោរ មក​ធ្វើ​ជា​ហេតុ​ផល​ថា​មិន​អាច​អត់​បាន។ ខាង​ក្រោម​នេះ​ជា​កត្តា​មួយ​ចំនួន​ដែល​ស្ត្រី​គ្រប់​រូប​គួរ​ពិចារណា​មុន​ពេល​ជ្រើស​គូស្រករ៖
១. បើ​មាន​គំនិត​ចង់​បន្ត​ការងារ​ក្រោយ​ពេល​រៀប​ការ​ មិន​ត្រូវ​ជ្រើសរើស​បុរស​ណា​ដែល​មិន​ចូល​ចិត្ត​ការងារ​របស់​អ្នក​នោះ​ទេ ព្រោះ​គេ​នឹង​មួម៉ៅ​នៅ​ពេល​ឃើញ​អ្នក​ចំណាយ​ពេល​ច្រើន​ទៅ​លើ​ការងារ​ ដូច្នេះ​ជម្លោះ​អាច​នឹង​កើត​ឡើង​គ្រប់​ពេល។
២. ត្រូវ​ចេះ​ជ្រើសរើស​យក​អ្នក​ណា​ដែល​អ្នក​នៅ​ក្បែរ​ហើយ មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​។ ការ​ចេះ​ចែក​រំលែក​រឿង​ល្អ​ឲ្យ​គ្នា​ នឹង​ធ្វើ​ឲ្យ​កាន់​តែ​រីករាយ​ឡើង ហើយ​ពេល​ជួប​បញ្ហា​ស្មុគស្មាញ​អាច​កាត់​បន្ថយ​អារម្មណ៍​តានតឹង​​បាន។
៣. ចំណុច​ដែល​មិន​ត្រូវ​ភ្លេច​នោះ​គឺ​ មើល​ថា តើ​គេ​ជា​មនុស្ស​មាន​ចរិត​ឆេវឆាវ ​ចិត្ត​ដូច​ភ្លើង​សាំង​ដែរ​ឬ​ទេ? ហើយ​តើ​គេ​ស្ថិត​នៅ​ក្នុង​ជំពូក​កូន​សំណព្វ​ចិត្ត​ដែរ​ឬ​អត់? គុណ​វិបត្តិ​ទាំង​២នេះ អាច​នាំ​មក​នូវ​គ្រោះ​ថ្នាក់​បន្ទាប់​ពី​រៀបការ​ហើយ ។
៤. សូម​កុំ​យក​ប្ដី​ដោយ​សារ​តែ​ខ្លាច​ភាព​ឯកោ។ ត្រូវ​ចាំ​ទុក​ថា គ្មាន​នរណា​ឯកោ​ជា​ស្ត្រី​ដែល​ត្រូវ​ប្ដី​ ធ្វើ​ព្រងើយ​មិន​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ។
៥. ទោះ​បី​ជា​បុរស​នោះ​មាន​លក្ខណៈ​ពិសេស​អស្ចារ្យ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​មិន​ត្រូវ​យក​បុរស​ដែល​ធ្លាប់​ប្រើ​អំពើ​ហិង្សា​ ឬ​ធ្លាប់​ធ្វើ​បាប​បំបាក់​មុខ​អ្នក​ឡើយ។ ត្រូវ​ចាំ​ថា​ បុរស​ប្រភេទ​នេះ​ គ្រោះ​ថ្នាក់​ណាស់​ ចំពោះ​សុខភាព​ផ្នែក​ស្មារតី និង​រាងកាយ។
៦. ត្រូវ​ប្រយ័ត្ន​ចំពោះ​បុរស​ដែល​តែងតែ​ផ្គាប់​ចិត្ត​អ្នក​ដោយ​ប្រើ​អំណោយ ។ តើ​ការ​ប្រុងប្រយ័ត្ន​នេះ​ខុស​ឆ្គង​ឬ​ទេ? ​មិន​ខុស​ទេ! ព្រោះ​មូលដ្ឋាន​នៃ​សេចក្ដី​ស្នេហា​មិន​ឋិត​នៅ​លើ​ប្រាក់​នោះ​ទេ។ បើ​អ្នក​ឈាន​ទៅ​រក​ស្នេហា​តាម​ផ្លូវ​វត្ថុ​អំណោយ​ជា​កត្តា​សំខាន់​នោះ ថ្ងៃ​ណា​មួយ​អ្នក​ពិត​ជា​ដូច​ទំនិញ​របស់​គេ​ជា​មិន​ខាន។